គណបក្សប្រជាជនកម្ពុជា

ពិធីសាសនាក្រុងពាលី និងអភិសេក ទៅលើសមិទ្ធផលថ្មីលើទឹកដីជ្រោយចង្វារ

ចេញផ្សាយថ្ងៃ: (ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០១៥)

ពិធីសាសនាក្រុងពាលី និងអភិសេក លើ​សមិទ្ធផល​ថ្មី​លើ​ទឹក​ដី​ជ្រោយចង្វារ រួម​មាន៖ ស្ពាន​មិត្តភាព​ជ្រោយចង្វារ​កម្ពុជា​-​ចិន សួនច្បារ​រង្វង់​មូល​ស្តាត់​ចាស់ សួនច្បារ​រង្វង់​មូល​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត និងរូបចម្លាក់ព្រហ្មមុខបួន ដែលនឹងត្រូវបើកសម្ពោធនៅថ្ងៃស្អែក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ពីធីបែបសាសនា ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃនេះ គឺដើម្បីសូមសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ឬចូលលេងកម្សាន្ត នៅពេលសមិទ្ធផលទាំងនេះ ត្រូវបានដាក់ឲ្យដំណើរការ។

ចម្លាក់ព្រហ្មបាយ័ន យកលំនាំដើមពីប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដោយធ្វើអំពីថ្មភ្នំយកពីខេត្តព្រះវិហារ កាត់ឆ្លាក់ដាប់ជាដុំៗ បន្តុបលើគ្នា មានកំពស់ ៩.១៨ម ទទឹង ៦.៣០ម។ រូបចម្លាក់ព្រហ្មបាយ័ន តំណាងអោយព្រះភ័ក្រ្តរបស់ព្រះលោកេស្វរ: ជាព្រះពោធិសត្វនៃពុទ្ឋសាសនាមហាយាន ដែលមានមហាករុណាចំពោះមនុស្សលោកគ្រប់ទិសទាំង៤ ដែលខ្មែរនិយមហៅថា ព្រហ្មបាយ័ន ឬព្រហ្មមុខ៤។ ព្រហ្មបាយ័ន មានព្រះភ័ក្រ្តញញឹម បែរទៅរកកូនចៅខ្មែរគ្រប់ទិសទី ប្រកបដោយព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ ព្រហ្មវិហារធម៌ទាំង៤នេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់ស្ថាបនានូវសុខសន្តិភាពនិងវប្បធម៌អហឹង្សាក្នុងសង្គមខ្មែរ ៕