គណបក្សប្រជាជនកម្ពុជា

សូមស្វែងយល់ពីស្ថានភាពទឹកភ្លៀងនិងដំណោះស្រាយក្នុងរាជធានីភ្នំពេញ

ចេញផ្សាយថ្ងៃ: (ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧)

ជា​ទូ​ទៅ ការ​គណនា​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ឋ​បណ្តាញ​លូ ស្ថានីយ៍​បូម​ទឹក អណ្តូង​លូ ទ្វារ​ទឹក...គឺ​សម្រាប់តែកម្រិតទឹកភ្លៀងធ្លាក់កំពស់ ៤០មមក្នុង១ម៉ោង។ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ការគណនា designed stormwater គឺកម្រិតទឹកភ្លៀង ៤០មមក្នុង១ម៉ោងប៉ុណ្ណោះ បើភ្លៀងធ្លាក់លើសពី ៤០មម ក៏រងការលិចទឹកតាមទីតាំងខ្លះដែរ។
សម្រាប់រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៧ ភ្លៀងធ្លាក់យ៉ាងគំហុករហូតដល់ ១១៦មម ក្នុង១ម៉ោងកន្លះ បណ្តាលអោយលិចទឹកតាមទីតាំងមួយចំនួន ប៉ុន្តែដោយសារការកសាងបណ្តាញលូមេថ្មីបានប្រវែង ៤២០គម និងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន ៤កន្លែង ធ្វើអោយទឹកភ្លៀងហូរស្រកអស់បានលឿនជាងមុន ៣ដង។

ខាងក្រោមនេះ ជាមូលហេតុទឹកលិចៈ
-ទឹកភ្លៀងធ្លាក់ហួសកម្រិត ៤០មមក្នុង១ម៉ោង គឺកម្រិតនេះ ទីក្រុងប្រទេសណានៅលើពិភពលោក ក៏នឹងរងលិចទឹកដែរចៀសមិនផុត រួមទាំងទីក្រុងអូសាកា ឬទីក្រុងបាងកក ឬទីក្រុងហូជីមិញ...
-សណ្ឋានដីនៅទីក្រុងភ្នំពេញ ជាតំបន់ទំនាបបាតខ្ទះព័ទ្ឋជុំវិញដោយទំនប់ ហើយរងគំរាមកំហែងដោយទឹកជំនន់ចំនួន ៣ប្រភពៈ
១-ជំនន់ដោយទឹកភ្លៀង
២-ជំនន់ដោយទឹកទន្លេ។ ជាទូទៅ នៅខែកក្កដា សីហា កញ្ញា តុលា វិច្ឆិកា ទឹកទន្លេឡើងខ្ពស់ព័ទ្ឋជុំវិញទីក្រុងដែលអាចហូរចូលទីក្រុងគឺ ទឹកទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ស្ទឹងព្រែកត្នោត បឹងកប់ស្រូវ...ដែលយើងបានបិទទ្វារទឹកហើយប្រើស្ថានីយ៍បូមទឹក បូមទឹកបញ្ចេញក្រៅទំនប់។ 
៣-ជំនន់ពីស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល។
ទីក្រុងប្រទេសភាគច្រើនលើពិភពលោក វិធីដោះស្រាយទឹកគឺងាយស្រួលដោយគ្រាន់តែបង្ហូរទឹកភ្លៀងចូលបឹង ទន្លេ សមុទ្រ...ជាការស្រេច ខុសពីរាជធានីភ្នំពេញ ត្រូវប្រើស្ថានីយ៍បូមទឹកចំនួន ១៣កន្លែងបូមឆ្លងកាត់ទំនប់បូមបញ្ចេញក្រៅក្រុង។ ក្នុងខែនេះ នីវ៉ូទឹកទន្លេកំពុងខ្ពស់ជាងនីវ៉ូសណ្ឋានដីតាមទីតាំងខ្លះក្នុងទីក្រុង។
-បព្ហាាខ្វះអណ្តូងលូ ការលួចបិទភ្ជិតអណ្តូងលូ សម្រាប់បង្ហូរចូលបំពង់លូ អណ្តូងលូត្រូវមានគម្លាតពី ១០ម ទៅ ២០ម។ ស្ថានភាពអណ្តូងលូ ចាស់ មិនគ្រប់គ្រាន់ បច្ចុប្បន្នយើងមានតែអណ្តូងលូជាង ៤៤.០០០អណ្តូងលូប៉ុណ្ណោះ។
-បញ្ហាខ្វះបណ្តាញលូ ។ នៅទីក្រុងភ្នំពេញ យើងមានបណ្តាញលូថ្មីចាស់ ប្រវែង ៦៦០គម ក្នុងពេលតម្រូវការបណ្តាញលូរហូតដល់ ៣.៦០០គម និងមានប្រឡាយមេចំនួន ១៨ ប្រវែង ៥៦គម ព្រមទាំងប្រឡាយរងចំនួន ១៧។
-បព្ហាាសំរាមបាំងមុខអណ្តូងលូ ដែលជាឧបសគ្គការបង្ហូរទឹកពីសាច់ថ្នល់ចូលបណ្តាញលូក្រោមដី ។ បញ្ហាសំរាមក្នុងពោះប្រឡាយ បាំងសំរាស់មុខស្ថានីយ៍បូមទឹក បញ្ហាកំណកលាមកក្នុងលូ ប្រឡាយ ក៏ឧបសគ្គផ្លូវទឹកហូរដែរ។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅពោះប្រឡាយស្ទឹងមានជ័យ ធ្វើអោយទឹកលិចនៅផ្លូវលេខ ២០០៤ ផ្លូវ ណ័រប្រ៊ីត និងតំបន់ព្រលានយន្តហោះផ្នែកខាងត្បូងនិងខាងកើត។
-ការអភិវឌ្ឍន៍ទីក្រុងលឿនពេក ធ្វើអោយការកសាងបណ្តាញលូមិនគ្រប់គ្រាន់។ កាលពីមុនពេលអភិវឌ្ឍន៍ ទឹកភ្លៀងបានហូរជ្រាបចូលដីឡូតិ៍ ទឹកហូរចូលដីទំនាប កាត់បន្ថយទឹកលិចបានខ្លះ។ ប៉ុន្តែបច្ចុប្បន្ន ការចាក់ដីលុបទំនាប សាងសង់ផ្ទះ ចាក់បេតុងសាប ផ្លូវចាក់បេតុង ចាក់កៅស៊ូ ធ្វើអោយទឹកបង្ហែរមកចូលលូទាំងអស់។
-សមត្ថភាពស្ថានីយ៍បូមទឹកមិនគ្រប់គ្រាន់។ យើងបានស្ថាបនាស្ថានីយ៍បូមទឹកថ្មីចំនួន ៤កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក ទួលគោកទី១ ទួលគោកទី២ ព្រះពន្លា...ដែលមានសមត្ថភាពបូមទឹកកើន ៣ដងធៀបនឹងស្ថានីយ៍ចាស់។ ស្ថានីយ៍បុរី ១០០ខ្នង ស្ថានីយ៍លូ ៥កំពុងសាងសង់ ហើយទិសដៅក្នុងឆ្នាំ២០១៨ នឹងសាងសង់ស្ថានីយ៍បន្ថែមនៅ ស្ថានីយ៍បឹងទំពុន និងស្ថានីយ៍ទួលសំពៅ។

ជារួម ការរៀបចំបណ្តាញលូក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្មុគ្រស្មាញ ប្រើថវិកាច្រើន ទាមទារពេលវេលាយ៉ាងតិច ៨ឆ្នាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋបណ្តាញលូ និងត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងការគ្រប់គ្រងថែទាំបណ្តាញលូ ទាំងការគ្រប់គ្រងសំរាម។

ជាការសន្និដ្ឋានៈ នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បណ្តាញលូមេបានប្រវែង ៤២០គម ស្ថានីយ៍បូមទឹកថ្មីចំនួន ៤កន្លែង ដែលអាចកាត់បន្ថយទឹកលិចបាន ៦០% លើទីតាំងធ្លាប់លិចទឹកពីមុនចំនួន ៣២កន្លែងដូចជា មហវិថីហ្សាលដឺហ្គោល ផ្សារអូរឫស្សី ផ្លូវសុខ ហុក រង្វង់មូលសំពៅមាស ខាងកើតស្តាតអូឡាំពិក មុខវត្តមហាមន្ត្រី ផ្សារទួលទំពូង មុខស្ថានទូតចិន មុខព្រះបរមរាជវាំង មុខពេទ្យកាលម៉ែត្រ រង្វង់មូលផ្សារដើមថ្កូវ មុខសណ្ឋាគារអាំងទែកុងទីណង់តាល់... បានកាត់បន្ថយការលិចលង់ នៅក្នុងខណ្ឌដូនពេញ ៧មករា ទួលគោក ចំការមន និងកំពុងខិតខំបន្តដោះស្រាយបញ្ហាទឹកលិចនេះ។ បើទោះបីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មមក៏ដោយ ទឹកលិចលើដងផ្លូវបានហូរឆាប់ស្រកអស់លឿនជាងមុន ។