គណបក្សប្រជាជនកម្ពុជា

ព័ត៌មានស្តីពីការកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចរង្វង់មូលទាំងសងខាងស្ពានជ្រោយចង្វារ

ចេញផ្សាយថ្ងៃ: (ថ្ងៃ ពុធ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧)

សូម​ជម្រាប​ជូន​សាធារណ​ជន​មេត្តា​ជ្រាប​ថា ស្ពាន​មិត្ត​ភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយ​ចង្វារ​ចាស់) នឹង​ត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន ចាប់​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដើម្បី​ធ្វើ​ការ​ជួស​ជុល​ស្តារ​ទ្បើ​ងវិញ។ ចរាចរណ៍​ទ្វេ​ទិស​ឆ្លង​កាត់​ទ​ន្លេ​នឹង​ប្រព្រឹត្ត​ទៅ​តែ​នៅ​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ចិន​ តែមួយប៉ុណ្ណោះ។ ចរាចរណ៍អាចនឹងមានការកកស្ទះខ្លាំងនៅបរិវេណជុំវិញការដ្ឋានសាងសង់ ជាពិសេសនៅត្រង់ចំណុចរង្វង់មូលស្ពានទាំងសងខាង (រង្វង់មូលកួចកាណុង និងរង្វង់មូលព្រហ្មមុខបួន)។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយទីប្រឹក្សាបច្ចេកទេសជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជាអតិបរមាដើម្បីគ្រប់គ្រងស្ថានភាពចរាចរណ៍ក្នុងកំទ្បុងពេលនៃការជួសជុលស្ពាន ដើម្បីកាត់បន្ថយកម្រិតអប្បបរមានូវរាល់ផលប៉ះពាល់ទាំងទ្បាយណាដែលបង្កការរំខានដល់ការធ្វើចរាចររបស់អ្នកដំណើរ និងយានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ក៏ដូចជាការបញ្ជៀសការកកស្ទះ ដោយការដាក់ចេញនូវវិធានការណ៏មួយចំនួនដូចជាៈ ការកែតម្រូវចំណុចរង្វង់មូលស្ពានទាំងសងខាង ការរៀបចំគំនូសប្លង់បង្ហាញទិសដៅប្រព័ន្ធចរាចរណ៍ ការផ្តល់នូវដំណោះស្រាយសម្រាប់ការពង្វាងចរាចរណ៍ និងការចែករំលែកព័ត៌មានទាក់ទងនឹងផ្លូវវាងផ្សេងទៀត ជាដើម ។ល។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ សូមការអធ្យាស្រ័យ និងយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការរំខានទាំងទ្បាយណាដែលនឹងកើតមានទ្បើងក្នុងកំទ្បុងពេលនៃការជួសជុលស្ពាននេះ ហើយក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់ប្រជាពលរដ្ឋទាំងអស់ ហើយបើអាចសូមជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងរង្វង់មូលស្ពាន ជាពិសេសនៅក្នុងម៉ោងមមាញឹក។

សូមជម្រាបផងដែរថា ការស្តារទ្បើងវិញស្ពានជ្រោយចង្វារចាស់នេះ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។ គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ នឹងប្រើរយះពេលប្រមាណជា (២១ខែ) រហូតដល់ ខែមិថុនា ឆ្នាំ២០១៩។